លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានជួបពិភាក្សាការងារបច្ចេកទេសជាមួយលោកស្រី Adjara DIOUF មន្ត្រីសម្របសម្រួលនៃអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក និងក្រុមការងារដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសំដៅជំរុញលើកកម្ពស់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព (Sustainable Tourism) និងការអភិវឌ្ឍន៍គោលដៅទេសចរណ៍បៃតងនៅកម្ពុជា (Green Destinations)។
ក្នុងកិច្ចពិភាក្សានេះ បានពិនិត្យលើដំណើរការរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព (Destination Eco- Talent)» របស់អង្កការ Organisation Internationale de la Francophonie (OIF) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ថុក សុខុម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការនូវគម្រោងខាងលើ អង្គការ OIF ក៏បានគាំទ្រការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពដល់ដៃគូរចំនួន ០៦រួមមាន ក្រសួងទេសចរណ៍ សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល សាលាសណ្ឋាគារ សាលាបាយ អង្កការ ស្លាបព្រារកម្ពុជា សមាគមអភិវឌ្ឍន៍សហគ្រិនស្ត្រីខេត្តសៀមរាប និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ទន្ទឹមនឹងការគិតគូរពីការអភិវឌ្ឍន៍ទេសចរណ៍នេះ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤ វិស័យទេសចរណ៍របស់កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ ដោយបានកើនឡើង ២២.៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣៕






