កិច្ចប្រជុំគណៈប្រឹក្សាយោបល់លើកទី២ នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)
(ភ្នំពេញ)៖ នាថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ និងលោក ជួប រតនា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចូលរួមកិច្ចប្រជុំគណៈប្រឹក្សាយោបល់លើកទី២ នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (Decent Employment for Youth in Cambodia – DEY III) ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារក្រោមកម្មវិធី DEY III ក្នុងឆ្នាំ២០២៥ ពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗ និងដាក់ទិសដៅផែនការការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមកិច្ចសហការអន្តរក្រសួង ជាមួយដៃគូអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។
ក្នុងនាមជាតំណាងវិស័យបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ គណៈប្រតិភូបានចូលរួមផ្តល់មតិយោបល់បច្ចេកទេស និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការពង្រឹងប្រព័ន្ធ TVET ការអភិវឌ្ឍជំនាញឱ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការបង្កើនឱកាសទទួលបានការងារសមរម្យសម្រាប់យុវជន ជាពិសេសក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
កិច្ចប្រជុំគណៈប្រឹក្សាយោបល់លើកទី២ នេះ ត្រូវបានដឹកនាំសហប្រធានដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ។
តាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ កម្មវិធី DEY III សម្រេចបានសមិទ្ធផលដោយបានគាំទ្រយុវជនចំនួន ៤,៦៦៣ នាក់ (ស្រ្តី ៥៣%) ឱ្យទទួលបានការងារសមរម្យ តាមរយៈវគ្គបណ្ដុះបណ្ដាល TVET និងកិច្ចអន្តរាគមន៍នានា រួមទាំងការគាំទ្រដល់ពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ និងជនមានពិការភាព។
ការចូលរួមនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងទេសចរណ៍ ក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍជំនាញ និងការធានាការងារសមរម្យសម្រាប់យុវជនកម្ពុជា ឱ្យស្របតាមបរិបទទីផ្សារការងារបច្ចុប្បន្ន និងអនាគត។







































