សកម្មភាពនៃវគ្គបណ្តុះបណ្តាលជំនាញគេហកិច្ច ស្របតាមកម្មវិធីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) ដល់អ្នកជំនាញទេសចរណ៍ចំនួន ២៥ រូប នៅក្នុងខេត្តព្រះសីហនុ
សម្រាប់រយៈពេល ៥ ថ្ងៃដំបូងនេះ សិក្ខាកាមទាំង ២៥ រូប ទទួលបានការបណ្តុះបណ្តាលលើចំណេះដឹង ជំនាញ និងឥរិយាបថក្នុងនាមជាអ្នកជំនាញទេសចរណ៍លើជំនាញគេហកិច្ច ស្របតាមកម្មវិធីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) រួមមាន៖
១. តួនាទីក្នុងផ្នែកគេហកិច្ច ២. ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច ៣. សេវាកម្មប្រណីត (Service Excellence) ៤. ឧបករណ៍ និងសម្ភារៈគេហកិច្ច ៥. ក្រណាត់ និងពូក ៦. សម្អាត និងបម្រើសេវាកម្មបន្ទប់ភ្ញៀវ ៧. ការត្រៀមរៀបចំសម្រាប់វេនបន្ទាប់ ៨. ប្រព័ន្ធរាយការណ៍ ៩. ការផ្តល់សេវាកម្មគេហកិច្ចបន្ថែម
ដើម្បីធានាគុណភាពនៃវគ្គបណ្តុះបណ្តាល និងសមត្ថភាពរបស់សិក្ខាកាមទាំងអស់ មន្ត្រីនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដឹកនាំដោយ លោក សាំង ចន្ធូ និងក្រុមការងារចំនួន ៣ រូប បាននិងកំពុងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគុណភាពវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) ដល់អ្នកជំនាញទេសចរណ៍សរុបចំនួន ១០០ រូប លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមកិច្ចសហការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។




























