សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧ សម្រាប់អនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ប៉ូច វលក្ខណ៍ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ និង លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានអញ្ជើញចូលរួមក្នុង "សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧ សម្រាប់អនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨"។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
អង្គសិក្ខាសាលានេះមានការចូលរួមពីតំណាងសរុបចំនួន ១០០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២០, សមាគមនិយោជកចំនួន ១០, អង្គការនិយោជិតចំនួន ២០ និងតំណាងមកពីអង្គការអន្តរជាតិខាងការងារ (ILO)។
ក. គោលបំណងចម្បងនៃសិក្ខាសាលា៖
១. បង្ហាញនូវសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ ២០២៦-២០២៧។
២. ផ្តល់សុពលភាពលើផែនការការងារឆ្នាំ ២០២៦-២០២៧ ឱ្យស្របតាមផែនទីបង្ហាញផ្លូវនៃការអនុវត្តរបៀបវារៈសកល (GA Roadmap)។
ខ. វិស័យលទ្ធផលជាយុទ្ធសាស្ត្រទាំង ៥ នៃផែនការការងារ ២០២៦-២០២៧៖
១. បទប្បញ្ញត្តិគោលនយោបាយការងារ និងការកែទម្រង់ស្ថាប័ន ដើម្បីគាំទ្រដល់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់។
២. ការអភិវឌ្ឍជំនាញ ការលើកកម្ពស់កម្រិតជំនាញ (Upskilling) ការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) និងការទទួលស្គាល់ជំនាញ រួមទាំងសម្រាប់ពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាពការងារ។
៣. ការពង្រឹងប្រព័ន្ធគាំពារសង្គម ជាពិសេសសម្រាប់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកដែលមិនទាន់ទទួលបានការការពារ។
៤. ការលើកកម្ពស់សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលប្រកបដោយបរិយាបន្ន និងភាពធន់ ដោយផ្តោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។
៥. ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ កិច្ចសន្ទនាសង្គម និងកិច្ចការពារសិទ្ធិការងារឱ្យកាន់តែរឹងមាំ ជាពិសេសសម្រាប់ពលករងាយរងគ្រោះ។







