នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាតំណាងរបស់លោកប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមចំនួន ១៩ រូប សម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកសេវាកម្មសណ្ឋាគារ។ វគ្គនេះដឹកនាំដោយ ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ និងលោកស្រី អ៊ុក ម៉ាលីកា មន្ត្រីគ្រប់គ្រងគម្រោងនៃទីភ្នាក់ងារ AFD ប្រចាំកម្ពុជា។
វគ្គបណ្តុះបណ្តាលមានរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៥ នៅសាលាវិជ្ជាជីវៈទេសចរណ៍។ ក្នុងវគ្គនេះ ក៏មានការចូលរួមជាគ្រូឧទ្ទេសដោយ លោក Nick Hyland ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មអន្តរជាតិ (International Business Development Manager) នៃវិទ្យាស្ថាន William Angliss Institute និងជាទីប្រឹក្សាបច្ចេកទេសផ្នែកបណ្តុះបណ្តាលសម្រាប់ VST ព្រមទាំងលោកស្រី អ៉ិត ស្រីកែវ ប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន និងជាគ្រូបង្គោលអាស៊ាន។
ក្នុងឱកាសនោះ លោកអនុប្រធានបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់គ្រូបង្គោលទាំង ១៩ រូប ឲ្យមានជំនាញក្នុងការរៀបចំផែនការបណ្តុះបណ្តាល និងការវាយតម្លៃ ស្របតាមអភិក្រមនៃការបណ្តុះបណ្តាល និងវាយតម្លៃផ្អែកលើសមត្ថភាព (CBT និង CBA) និងស្របតាមកម្មវិធីបណ្តុះបណ្តាលរួមអាស៊ាន (ASSCTP) ដែលឆ្លើយតបនឹងស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (ASEAN MRA-TP)។
ទន្ទឹមនឹងនេះ គ្រូបង្គោល និងអ្នកវាយតម្លៃដែលបានបណ្តុះបណ្តាល នឹងក្លាយជាមូលធនសំខាន់ ក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់យុវជន និងយុវនារីជំនាន់ក្រោយ តាមរយៈវគ្គបណ្តុះបណ្តាលប្រកបដោយគុណភាពនាពេលអនាគត។ វាក៏សម្របសម្រួលឲ្យប្រសើរឡើងនូវការអនុវត្តន៍តាមចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ផងដែរ។












