នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគម្រោង ហូកា បានរៀបចំកិច្ចប្រជុំបច្ចេកទេស ស្តីពី “ការពិនិត្យ និងប្រមូលធាតុចូលសម្រាប់កសាងកញ្ចប់ស្តង់ដាសមត្ថភាពវិជ្ជាជីវៈទេសចរណ៍ចាប់ពីកម្រិត២ ដល់កម្រិត៤ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ ៣ លើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញផលិតកម្មម្ហូបអាហារ” ដែលមានការចូលរួមបើកដោយ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. និងមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន អេ ធី ភី ខន់សាល់ធិន អង្គការស្វីស ខន់ថាក់ លោក លោកស្រី អ្នកជំនាញការអភិវឌ្ឍកញ្ចប់ស្តង់ដាសមត្ថភាព លោកគ្រូ អ្នកគ្រូ បង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ និងអ្នកជំនាញទេសចរណ៍ពីតំណាងអាជីវកម្មទេសចរណ៍ សរុបប្រមាណ ៣០រូប។
ជាកិច្ចចាប់ផ្តើម លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ បានមានប្រសាសន៍សំណេះសំណាល និងបានជម្រាបជូនអង្គពិធីអំពីសារៈសំខាន់ និងគោលបំណងនៃកសាងគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ ដែលបាន និងកំពុងរៀបចំនាពេលនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់គុណវុឌ្ឍិដល់សិស្ស លើកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ ៣ ដែលសមមូលនឹងថ្នាក់ទី១០ ១១ និងទី១២ ដែលនឹងអាចផ្តល់លទ្ធភាពក្នុងការតម្រង់ទិសវិជ្ជាជីវៈ និងវិថីអភិវឌ្ឍជំនាញដល់សិស្ស តាមរយៈការសិក្សារយៈពេលខ្លី និងទទួលបានចំណេះដឹង និងជំនាញ និងឥរិយាបថខ្ពស់ ព្រមទាំងអាចចាប់យកឱកាសការងារ ក្នុងឧស្សាហកម្មទេសចរណ៍ បានយ៉ាងឆាប់រហ័ស ឬក៏អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបាន។
យន្តការដ៏សំខាន់នេះ នឹងចូលរួមចំណែកជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យទទួលបាននូវសង្គតិភាព ការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាព ស្របតាមយន្តការរួមតែមួយ នៅកម្ពុជា។
បន្ទាប់ពីមតិបើក អង្គប្រជុំបានស្តាប់នូវបទបង្ហាញរបស់អ្នកជំនាញការអភិវឌ្ឍកញ្ចប់ស្តង់ដាសមត្ថភាពនៃវិស័យទេសចរណ៍ លើជំនាញទាំង៤ និងបានបន្តកិច្ចពិភាក្សាយ៉ាងផុលផុស លើកម្រងសមត្ថភាព (Competency Profile) ចាប់ពីកម្រិត ២ ដល់កម្រិត ៤ លើជំនាញទាំង៤ ដែលរួមមានសមត្ថភាពមូលដ្ឋាន (Basic Competency) និងសមត្ថភាពស្នូល (Core Competency) ដើម្បីធានាថាខ្លឹមសារនៃកម្រងសមត្ថភាពនីមួយៗឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងឧស្សាហកម្មទេសចរណ៍។
ជាលទ្ធផល អង្គប្រជុំបានធ្វើការពិភាក្សា និងទទួលនូវធាតុចូល និងយោបល់ ដើម្បីធ្វើការកែសម្រួលខ្លឹមសារកម្រងសមត្ថភាពលើជំនាញទាំង៤ ខាងលើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។












