ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពីសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន នៅខេត្តសៀមរាប!
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (NCTP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិលើសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន (ASEAN MRA-TP)។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបង្គោលមកពីគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជន ឱ្យមានឧត្តមភាពក្នុងការប្រើប្រាស់ឯកសារបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យស្របតាមបទដ្ឋានដែលកំណត់ដោយអាស៊ាន ដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលបន្តដល់សិក្ខាកាមសម្រាប់បវេសនកាលថ្មី ឆ្នាំ២០២៦។


























