ការវាយតម្លៃសមត្ថភាពលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ តាមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ
អបអរសាទរសិក្ខាកាមចំនួន ២៥ រូប ដែលបានបញ្ចប់ការបណ្តុះបណ្តាល និងកំពុងទទួលការវាយតម្លៃសមត្ថភាពលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ស្របតាមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ។
បន្ទាប់ពីបានឆ្លងកាត់ការបំប៉នយ៉ាងហ្មត់ចត់ទាំងផ្នែកចំណេះដឹង បច្ចេកទេស និងឥរិយាបថវិជ្ជាជីវៈ រយៈពេល ៧ថ្ងៃ (ចាប់ពីថ្ងៃទី៩-១៥ ខែមករា ឆ្នាំ២០២៦) សិក្ខាកាមបានសិក្សាលើមេរៀនសំខាន់ៗចំនួន ១៣ រួមមាន៖ ការងារបម្រើសេវាកម្ម ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច សេវាកម្មប្រណីត ចំណេះដឹងលើបញ្ជីមុខម្ហូប និងភេសជ្ជៈ ជំនាញលក់ លំដាប់លំដោយនៃសេវាកម្ម អនាម័យនិងសុវត្ថិភាព រហូតដល់ជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន។ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៦ នេះ សិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាពតាមរយៈការសាកសួរផ្ទាល់មាត់ និងការអនុវត្តជាក់ស្តែង ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិវិជ្ជាជីវៈរបស់ខ្លួន។
ទន្ទឹមនឹងនេះ ដើម្បីធានាឱ្យបាននូវគុណភាព និងស្តង់ដារបណ្តុះបណ្តាល លោក សាំង ចន្ធូ មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់លើដំណើរការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ១០០ រូប លើជំនាញសំខាន់ៗចំនួន ៤ គឺ៖ ជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញចុងភៅ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមសហប្រតិបត្តិការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា (CATA) ដោយទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

























