ការវាយតម្លៃសមត្ថភាពវិជ្ជាជីវៈលើជំនាញគេហកិច្ច តាមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ
អបអរសាទរសិក្ខាកាមចំនួន ២៥ រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល និងកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសមត្ថភាពលើជំនាញគេហកិច្ច តាមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់លើចំណេះដឹង ជំនាញ និងឥរិយាបថវិជ្ជាជីវៈរយៈពេល ៧ ថ្ងៃ (ចាប់ពីថ្ងៃទី៩-១៥ ខែមករា ឆ្នាំ២០២៦) សិក្ខាកាមបានសិក្សាលើមេរៀនគ្រឹះចំនួន ១២ រួមមាន៖ តួនាទីក្នុងផ្នែកគេហកិច្ច ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច សេវាកម្មប្រណីត ឧបករណ៍និងសម្ភារគេហកិច្ច ប្រភេទក្រណាត់និងពូក ការសម្អាតនិងបម្រើសេវាកម្មបន្ទប់ភ្ញៀវ ការត្រៀមលក្ខណៈសម្រាប់វេនការងារបន្ទាប់ ប្រព័ន្ធរាយការណ៍ ការផ្តល់សេវាកម្មគេហកិច្ចបន្ថែម ការសម្អាតទីសាធារណៈ នីតិវិធីបោកគក់ ការផ្តល់សេវាកម្មបោកគក់សម្លៀកបំពាក់ភ្ញៀវ និងការអនុវត្តផ្ទាល់នៅក្នុងបរិបទសណ្ឋាគារ។
នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៦ នេះ សិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាពតាមរយៈការសម្ភាសផ្ទាល់មាត់ និងការអនុវត្តជាក់ស្តែង ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិវិជ្ជាជីវៈរបស់ខ្លួន។
ទន្ទឹមនឹងនេះ ដើម្បីធានាឱ្យបាននូវគុណភាព និងស្តង់ដារនៃការបណ្តុះបណ្តាល លោក សាំង ចន្ធូ មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់លើដំណើរការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ១០០ រូប លើជំនាញសំខាន់ៗចំនួន ៤ រួមមាន៖ ជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញចុងភៅ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមសហប្រតិបត្តិការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា (CATA) ដោយទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។





























