ការវាយតម្លៃសមត្ថភាពលើជំនាញការិយាល័យជួរមុខ តាមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ
អបអរសាទរសិក្ខាកាមចំនួន ២៥ រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល និងកំពុងទទួលការវាយតម្លៃសមត្ថភាពលើជំនាញការិយាល័យជួរមុខ តាមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានការបំប៉នទាំងផ្នែកចំណេះដឹង ជំនាញ និងឥរិយាបថវិជ្ជាជីវៈរយៈពេល ៧ ថ្ងៃ (ចាប់ពីថ្ងៃទី៩-១៥ ខែមករា ឆ្នាំ២០២៦) សិក្ខាកាមបានសិក្សាលើមេរៀនសំខាន់ៗចំនួន ១២ រួមមាន៖ តួនាទីភ្នាក់ងារទទួលភ្ញៀវ ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច សេវាកម្មកម្រិតឧត្តម ជំនាញទំនាក់ទំនងតាមទូរស័ព្ទ ចំណេះដឹងផ្នែកទទួលភ្ញៀវ នីតិវិធីនៃការកក់បន្ទប់ នីតិវិធីកក់កម្រិតខ្ពស់ វដ្តនៃភ្ញៀវ នីតិវិធីនៃការទូទាត់ប្រាក់ នីតិវិធីប្រតិបត្តិការវេនការងារ សុវត្ថិភាព និងសន្តិសុខ។
នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៦ នេះ សិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាពតាមរយៈការសម្ភាសផ្ទាល់មាត់ និងការអនុវត្តជាក់ស្តែង ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិវិជ្ជាជីវៈរបស់ខ្លួន។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារបណ្តុះបណ្តាល លោក សាំង ចន្ធូ មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់លើដំណើរការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ១០០ រូប លើជំនាញបង្គោលចំនួន ៤ រួមមាន៖ ជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញចុងភៅ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមសហប្រតិបត្តិការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា (CATA) ដោយទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។






















