រាជធានីភ្នំពេញ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយយន្តការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning: RPL) និងយន្តការចុះបញ្ជិកាទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ (Assessment Center)។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងទេសចរណ៍ តំណាងសមាគម មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រតិបត្តិករទេសចរណ៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ-អាស៊ាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងភាគីពាក់ព័ន្ធ សរុបចំនួន ១៥០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក ទុន សុភ័ណ ក្នុងនាមតំណាងអង្គការ ILO បានបញ្ជាក់អំពីការគាំទ្រក្រសួងទេសចរណ៍ក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត និងការវាយតម្លៃសមត្ថភាពតាម RPL ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន។ ILO ក៏បានចូលរួមពង្រឹងសមត្ថភាពអ្នកបម្រុងការងារ និងពលករចំណាកស្រុក ដើម្បីឱ្យទទួលបានឱកាសការងារសមរម្យ និងមានសមត្ថភាពត្រឹមត្រូវ។
លោកជំទាវ អនុរដ្ឋលេខាធិការ ក៏បានលើកឡើងពីកិច្ចសហការល្អរវាងក្រសួង និង ILO ជាពិសេសក្នុងគម្រោង DEY III ដែលផ្តោតលើការបណ្តុះបណ្តាលគ្រូបង្គោល អ្នកវាយតម្លៃ និងការពង្រឹងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ដោយរួមមានការត្រៀមឯកសារ បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃជាតិ បណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ–ការិយាល័យជួរមុខ ការផ្សព្វផ្សាយយន្តការវាយតម្លៃ RPL និងការពង្រឹងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។
សិក្ខាសាលានេះក៏មានបទបង្ហាញពីមន្រ្តីជំនាញ និងមជ្ឈមណ្ឌលវាយតម្លៃ ដើម្បីចែករំលែកបទពិសោធន៍លើការអភិវឌ្ឍធនធានមនុស្ស ការចុះបញ្ជិកាមជ្ឈមណ្ឌលវាយតម្លៃ ការវាយតម្លៃ RPL និងតួនាទីអត្ថប្រយោជន៍របស់ Assessment Center។ អង្គសិក្ខាសាលា បានស្នើឱ្យក្រសួងបន្តផ្សព្វផ្សាយយន្តការនេះឱ្យទូលំទូលាយជាងមុន ដើម្បីឱ្យអ្នកបម្រើការងារយល់អំពីតម្លៃនៃការតម្លើងសមត្ថភាពតាមប្រព័ន្ធ RPL។
សូមគូសបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងទេសចរណ៍ និងមានការគាំទ្រផ្នែកបច្ចេកទេស និងប្រឹក្សាយោបល់ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដែលធ្វើការវាយតម្លៃលើកម្រិតគុណវុឌ្ឍិជាតិ និងអាស៊ាន។ មជ្ឈមណ្ឌលវាយតម្លៃ ក៏ជាទីតាំងប្រមូលភស្តុតាង តាមរយៈការវាយតម្លៃលើចំណេះដឹង បទពិសោធ សមត្ថភាព និងជំនាញរបស់អ្នកស្នើសុំ។ លើសពីនេះ មជ្ឈមណ្ឌលវាយតម្លៃ ក៏ផ្តល់ឱកាសដល់បុគ្គលិកបម្រើការងារអាចដឹងពីចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីពង្រឹងសមត្ថភាពបន្ថែម ឬអាចបន្តការសិក្សាកម្រិតបច្ចេកទេសវិជ្ជាជីវៈ ឬបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបាន។ បេក្ខជនដែលឆ្លងកាត់ការវាយតម្លៃដោយជោគជ័យនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់កម្រិតគុណវុឌ្ឍិស្របតាមស្តង់ដាជាតិ និងអាស៊ាន។












