ព័ត៌មាន និងការអាប់ដេត

តំណាងក្រសួងទេសចរណ៍ ក្នុងនាមសហអនុប្រធានគណៈកម្មាធិការប្រឹក្សាកម្មវិធីអភិវឌ្ឍន៍ជំនាញ ចូលរួមដំណើរទស្សនកិច្ចតាមដៃគូអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ នៅខេត្តពោធិ៍សាត់!

កាលបរិច្ឆេទ 2025-12-08
សរសេអត្ថបទដោយ
តំណាងក្រសួងទេសចរណ៍ ក្នុងនាមសហអនុប្រធានគណៈកម្មាធិការប្រឹក្សាកម្មវិធីអភិវឌ្ឍន៍ជំនាញ ចូលរួមដំណើរទស្សនកិច្ចតាមដៃគូអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ នៅខេត្តពោធិ៍សាត់!

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន គ.គ.ហ. បានចូលរួមដំណើរទស្សនកិច្ចសិក្សា តាមដៃគូអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) នៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ម្ចាស់ជំនួយមកពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារលីចតេស្ទីន (LED) អង្គការ Swisscontact អង្គការ ILO មន្ទីរទេសចរណ៍ខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងវិជ្ជាជីវៈខេត្តពោធិ៍សាត់ និងភាគីពាក់ព័ន្ធ ដោយបានចុះជួបផ្ទាល់នៅអាជីវកម្មដែលទទួលបានការបណ្តុះបណ្តាលពីគម្រោង ហូកា និងវិទ្យាស្ថានពហុបច្ចេកទេស នៅខេត្តពោធិ៍សាត់ ដើម្បីជួបសំណេះសំណាល និងសម្ភាសជាមួយម្ចាស់អាជីវកម្ម និងសិក្ខាកាមដែលបានឆ្លងកាត់ការបណ្តុះបណ្តាលក្នុងគម្រោងអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣ ឆ្នាំ២០២៤–២០២៨។

ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងសិក្សា លើមូលដ្ឋានអាជីវកម្មចំនួន ២ ទីតាំង ដើម្បីស្វែងយល់ពីលទ្ធផលការបណ្តុះបណ្តាល និងបរិយាកាសការងារក្នុងជំនាញផ្សេងៗ រួមមាន៖ ភោជនីយដ្ឋាន “ម្លប់ស្វាយ” និងហាងលក់គ្រឿងអគ្គិសនី និងម៉ាស៊ីនត្រជាក់ “អឹង វុធី”។ ដោយប្រតិភូបានជួបសន្ទនាជាមួយម្ចាស់អាជីវកម្ម និងសិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងជំនាញចម្អិនម្ហូប សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញជួសជុលបរិក្ខារត្រជាក់ និងតបណ្តាញអគ្គិសនី ដោយបានយកចិត្តទុកដាក់ពិភាក្សាលើ៖ (១) ពិភាក្សាជាមួយគ្រូបណ្តុះបណ្តាល និងម្ចាស់អាជីវកម្ម លើបញ្ហាប្រឈម ដំណោះស្រាយ និងការអនុវត្តការងារជាក់ស្តែងអំឡុងពេលជ្រើសរើសសិក្ខាកាម ពេលបណ្តុះបណ្តាល និងការគាំទ្រក្រោយវគ្គបណ្តុះបណ្តាល (២) សំណេះសំណាលជាមួយសិក្ខាកាម លើឱកាសក្នុងការចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការអភិវឌ្ឍន៍អាជីព និងលក្ខខណ្ឌការងារផ្សេងៗ (៣) វាយតម្លៃលទ្ធផលសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍របស់សិក្ខាកាម ក្រោយបណ្តុះបណ្តាល។

ទស្សនកិច្ចសិក្សានេះបានផ្តល់ឱកាសដ៏មានតម្លៃ ក្នុងការស្វែងយល់ពីការត្រៀមខ្លួនរបស់យុវជន តម្រូវការការងារពីអាជីវកម្ម និងគុណភាពបណ្តុះបណ្តាល ដែលជាព័ត៌មានសំខាន់ក្នុងការកែលម្អការអនុវត្តគម្រោង ជាពិសេសទទួលបានធាតុចូលសំខាន់ៗផ្ទាល់ពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាគម្រោងអភិវឌ្ឍន៍ជំនាញ (Project Advisory Committee of the Skills Development Programme) ដើម្បីអនុវត្តការងារឆ្នាំ២០២៦ ខាងមុខប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ឆ្នាំ២០២៤–២០២៨ ទទួលបានការឧបត្ថម្ភមូលនិធិពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារលីចតេស្ទីន (LED) អនុវត្តដោយអង្គការ Swisscontact ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈគម្រោងនេះ ក្រសួងទេសចរណ៍បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នៅតាមខេត្តគោលដៅចំនួន ១២ ខេត្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំង កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) បានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ អ្នកជំនាញទេសចរណ៍ ថ្នាក់គ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ ចំនួនសរុប ៨,៨១១ នាក់ ក្នុងជំនាញអាទិភាពចំនួន ៨ ជំនាញ។












ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn