នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំបើកវគ្គបណ្តុះបណ្តាល “អ្នកវាយតម្លៃបង្គោលជាតិក្នុងសេវាកម្មសណ្ឋាគារ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា កម្រិតសញ្ញាបត្រវិជ្ជាជីវៈ ១ (C1)” ចាប់ពីថ្ងៃទី ២២ ដល់ ២៧ ខែធ្នូ ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងលោក គង់ ដារ៉ា ប្រធានជាន់ខ្ពស់ផ្នែកបដិសណ្ឋារកិច្ចនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួមផងដែរពី លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន មន្រ្តីរាជការ ក្រសួងទេសចរណ៍ គ្រូបង្គោលជាតិ និងអាស៊ាន និងលោក–លោកស្រី អ្នកនាង–កញ្ញា សិក្ខាកាមដែលអញ្ជើញមកពី សាលាវិជ្ជាជីវៈទេសចរណ៍ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គ្រឹះស្ថានសិក្សាទេសចរណ៍ សណ្ឋាគារ–បដិសណ្ឋារកិច្ច និងមូលដ្ឋានអាជីវកម្មផ្សេងៗ។ សរុបមានប្រមាណ ៥០ រូប ចូលរួម។
វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្នុងគម្រោង “មុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY III) ដំណាក់កាលទី ៣” ដែលអនុវត្តដោយអង្គការ ILO ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC)។
វគ្គនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងគុណភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបង្កើនសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជំនាញ។ វាជាការចូលរួមដ៏សំខាន់ក្នុងការកែលម្អគុណភាពសេវាកម្មទេសចរណ៍ និងជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលបានបង្កើតការងារសមរម្យដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន នៅទូទាំងប្រទេស។
អង្គការអន្តរជាតិខាងការងារ (ILO) កំពុងគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍ ជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៣ វគ្គ ដែលមានផែនការចូលរួមសិក្ខាកាមសរុប ៩៣ រូប ដូចខាងក្រោម៖
១. វគ្គគ្រូបង្គោលជំនាញការិយាល័យជួរមុខ៖ ថ្ងៃទី ១៧–២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចំនួន ២៥ រូប (ជាក់ស្តែងមាន ២៨ រូប ចុះឈ្មោះលើសផែនការ ៣ រូប)។
២. វគ្គគ្រូបង្គោលជំនាញម្ហូបអាហារ និងភេសជ្ជៈ៖ ថ្ងៃទី ១–៦ ខែធ្នូ ឆ្នាំ ២០២៥ ចំនួន ២៥ រូប (ជាក់ស្តែងមាន ៣៥ រូប ចុះឈ្មោះលើសផែនការ ១០ រូប)។
៣. វគ្គអ្នកវាយតម្លៃបង្គោលជាតិក្នុងសេវាកម្មសណ្ឋាគារ៖ ថ្ងៃទី ២២–២៧ ខែធ្នូ ឆ្នាំ ២០២៥ គ្រោងមានសិក្ខាកាម ៣០ រូប ចុះឈ្មោះលើសផែនការ ៥ រូប។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលទាំង ៣ វគ្គ នេះ ត្រូវបានអនុវត្តស្របតាមគុណវុឌ្ឍិជាតិកម្ពុជា កម្រិតវិញ្ញាបនបត្រ ១ (C1) ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងកិច្ចសហការល្អរវាងក្រសួងទេសចរណ៍ និងអង្គការ ILO តាមរយៈគម្រោងមុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី ៣(DEY III) និងអង្គការ Swisscontact តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ។
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជាលេខាធិការបច្ចេកទេសទទួលសម្រុកក្នុងការអភិវឌ្ឍឯកសារបណ្តុះបណ្តាលគុណវុឌ្ឍិជាតិកម្ពុជា កម្រិតវិញ្ញាបនបត្រ១ (C1) វិញ្ញាបនបត្រ២ (C2) និងវិញ្ញាបនបត្រ៣ (C3)។












