សកម្មភាពវគ្គបណ្តុះបណ្តាលជំនាញចុងភៅតាមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ
សកម្មភាពនៃវគ្គបណ្តុះបណ្តាលជំនាញចុងភៅ ស្របតាមកម្មវិធីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) ជូនដល់អ្នកជំនាញទេសចរណ៍ចំនួន ២៥ រូប ក្នុងខេត្តព្រះសីហនុ។
ក្នុងរយៈពេល ៧ ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំង ២៥ រូប ទទួលបានការបំប៉នទាំងផ្នែកចំណេះដឹង ជំនាញ និងឥរិយាបថវិជ្ជាជីវៈលើជំនាញចុងភៅ រួមមាន៖
១. ការបង្កើនប្រសិទ្ធភាពការងារក្នុងក្រុម និងបុគ្គលិកផ្ទះបាយ
២. ការសម្អាត និងថែរក្សាសម្ភារៈបរិក្ខារផ្ទះបាយ
៣. គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈចុងភៅ
៤. បច្ចេកទេសមូលដ្ឋាននៃការចម្អិនអាហារ
៥. ការរៀបចំ និងវិធីសាស្រ្តចម្អិនម្ហូបធ្វើពីស៊ុត
៦. បច្ចេកទេសរៀបចំទឹកស៊ុប និងទឹកជ្រលក់
៧. ការអនុវត្តជាក់ស្តែងលើការចម្អិនមុខម្ហូបចំនួន ៨ ប្រភេទ
នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ សិក្ខាកាមនឹងត្រូវទទួលការវាយតម្លៃសមត្ថភាពតាមរយៈវិញ្ញាសាសំណួរផ្ទាល់មាត់ និងការអនុវត្តជាក់ស្តែង ដើម្បីបញ្ជាក់ពីកម្រិតចំណេះដឹង និងជំនាញដែលទទួលបាន។
ដើម្បីធានាបាននូវគុណភាពបណ្តុះបណ្តាល មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដឹកនាំដោយ លោក សាំង ចន្ធូ និងក្រុមការងារ បានចុះតាមដាន និងវាយតម្លៃលើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ១០០ រូប លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញចុងភៅ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
កម្មវិធីនេះកើតឡើងក្រោមសហប្រតិបត្តិការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ សមាគមទេសចរណ៍កម្ពុជា (CATA) និងទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
















































































