ការវាយតម្លៃសមត្ថភាពលើជំនាញចុងភៅ តាមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ
អបអរសាទរសិក្ខាកាមចំនួន ២៥ រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល និងកំពុងស្ថិតក្នុងដំណើរការវាយតម្លៃសមត្ថភាពលើជំនាញចុងភៅ ក្រោមកម្មវិធីបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានការបំប៉នយ៉ាងសកម្មលើផ្នែកចំណេះដឹង ជំនាញ និងឥរិយាបថវិជ្ជាជីវៈរយៈពេល ៧ ថ្ងៃ (ចាប់ពីថ្ងៃទី ៩-១៥ ខែមករា ឆ្នាំ ២០២៦) សិក្ខាកាមបានសិក្សាលើម៉ូឌុលសំខាន់ៗចំនួន ៦ រួមមាន៖
• ការបង្កើនប្រសិទ្ធភាពការងារក្នុងក្រុមការងារផ្ទះបាយ
• ការសម្អាត និងថែទាំសម្ភារៈបរិក្ខារផ្ទះបាយ
• គោលការណ៍គ្រឹះ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ចុងភៅ
• បច្ចេកទេសមូលដ្ឋាននៃការចម្អិនអាហារ
• ការរៀបចំ និងវិធីសាស្រ្តចម្អិនមុខម្ហូបពីស៊ុត
• ការរៀបចំទឹកស៊ុប និងទឹកជ្រលក់ ព្រមទាំងការអនុវត្តចម្អិនមុខម្ហូបចំនួន ៨ មុខ។
នៅថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ ២០២៦ នេះ សិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាពតាមរយៈការសាកសួរផ្ទាល់មាត់ និងការអនុវត្តជាក់ស្តែង ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិវិជ្ជាជីវៈតាមស្តង់ដារដែលបានកំណត់។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារនៃការបណ្តុះបណ្តាល លោក សាំង ចន្ធូ មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់លើដំណើរការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ១០០ រូប លើជំនាញសំខាន់ៗចំនួន ៤ រួមមាន៖ ជំនាញការិយាល័យជួរមុខ, គេហកិច្ច, សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញចុងភៅ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមសហប្រតិបត្តិការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា (CATA) ដោយទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
















